ស្វែងយល់អំពីការព្រមានអំពីជំងឺហឺតបង្កដោយព្យុះមានផ្គររន្ទះ រោគសញ្ញា និងការព្យាបាល។ ត្រៀមបម្រុងសម្រាប់រដូវសម្បូរទៅដោយលំអងស្មៅនេះ។
តើជំងឺហឺតបង្កដោយព្យុះមានផ្គររន្ទះគឺជាអ្វី?
នៅរដ្ឋវិចថូរៀ រដូវសម្បូរលំអងស្មៅជាធម្មតាចាប់ផ្តើមពីថ្ងៃទី 1 ខែតុលា ដល់ថ្ងៃទី 31 ខែធ្នូ។ ក្នុងអំឡុងពេលនេះ អ្នកអាចកត់សម្គាល់ការកើនឡើងនៃជំងឺហឺត និងរោគផ្តាសាយតឹងច្រមុះ។ រដូវកាលនេះក៏នាំមកនូវឱកាសនៃជំងឺហឺតបង្កដោយព្យុះមានផ្គររន្ទះផងដែរ។
ជំងឺហឺតបង្កដោយព្យុះមានផ្គររន្ទះអាចកើតមានឡើងនៅពេលដែលមានលំអងស្មៅច្រើននៅក្នុងអាកាស និងប្រភេទជាក់លាក់មួយនៃព្យុះមានផ្គររន្ទះ។ គ្រាប់លំអងស្មៅត្រូវបានបក់បោកតាមខ្យល់ ហើយរសាត់ក្នុងចម្ងាយដ៏ឆ្ងាយ។ ខ្លះអាចផ្ទុះឡើង និងបញ្ចេញគ្រាប់ល្អិតតូចៗដែលប្រមូលផ្តុំនៅក្នុងខ្យល់បក់បោកដែលមកមុនព្យុះមានផ្គររន្ទះ។ គ្រាប់ល្អិតទាំងនេះមានទំហំតូចល្មមធ្វើឱ្យមនុស្សដកដង្ហើមចូលជ្រៅទៅក្នុងសួត ហើយអាចបង្កជារោគសញ្ញានៃជំងឺហឺតបានយ៉ាងឆាប់រហ័ស សូម្បីតែចំពោះអ្នកដែលមិនធ្លាប់មានជំងឺហឺតពីមុនក៏ដោយ។
នៅពេលដែលមនុស្សជាច្រើនមានរោគសញ្ញាជំងឺហឺតក្នុងរយៈពេលដ៏ខ្លីក្នុងអំឡុងពេលនៃស្ថានភាពទាំងនេះ វាត្រូវបានគេស្គាល់ថាជាជំងឺហឺតរាតត្បាតបង្កដោយព្យុះមានផ្គររន្ទះ។
តើអ្នកណាខ្លះដែលប្រឈមនឹងហានិភ័យ?
អ្នកដែលប្រឈមនឹងជំងឺហឺតបង្កដោយព្យុះមានផ្គររន្ទះ រួមមានអ្នកដែលមានជំងឺហឺតបច្ចុប្បន្នឬក្នុងអតីតកាល ជំងឺហឺតដែលមិនទាន់បានធ្វើរោគវិនិច្ឆ័យឃើញ ឬ រោគផ្តាសាយតឹងច្រមុះនិទាឃរដូវ។ ហានិភ័យគឺកាន់តែខ្ពស់សម្រាប់អ្នកដែលមានទាំងជំងឺហឺត និងរោគផ្តាសាយតឹងច្រមុះ (Hay fever) ជាពិសេសប្រសិនបើពួកគេមិនគ្រប់គ្រងជំងឺហឺតបានល្អ។
ការពារខ្លួនអ្នកនៅរដូវសម្បូរលំអងស្មៅនេះ។
អ្នកអាចការពារខ្លួនអ្នក និងអ្នកនៅក្រោមការថែទាំរបស់អ្នកដោយធ្វើតាមជំហានសាមញ្ញៗទាំងនេះ៖
- តាមដានការព្យាករណ៍ហានិភ័យនៃជំងឺហឺតបង្កដោយព្យុះមានផ្គររន្ទះ
- ចូលមើល គេហទំព័រនៃការព្យាករណ៍ជំងឺហឺតបង្កដោយព្យុះមានផ្គររន្ទះ Vic
- ទាញយកកម្មវិធី VicEmergency តាមរយៈ AppStore ឬ Google Play។
- កុំចេញក្រៅផ្ទះរនៅពេលមានព្យុះផ្គររន្ទះ ជាពិសេសក្នុងអំឡុងពេលមានខ្យល់បក់នាំមុខវា។ ចូលក្នុងផ្ទះ ហើយបិទទ្វារ និងបង្អួចរបស់អ្នក។ បិទប្រព័ន្ធម៉ាស៊ីនត្រជាក់ដែលនាំខ្យល់ពីខាងក្រៅចូលក្នុងផ្ទះ ឬរថយន្ត (រួមទាំងម៉ាស៊ីនត្រជាក់ដែលប្រើប្រព័ន្ធបង្ហួត)។
- លេបថ្នាំបង្ការរបស់អ្នកតាមការណែនាំ។
- ដឹងពីរបៀបគ្រប់គ្រងការវាយប្រហារនៃជំងឺហឺត។ អនុវត្តតាមផែនការចំណាត់ការប្រឆាំងជំងឺហឺតរបស់អ្នក ឬប្រើជំនួយដំបូងសម្រាប់ជំងឺហឺត។
ជំងឺហឺត
- ប្រសិនបើអ្នកមានជំងឺហឺត - សូមពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកដើម្បីពិនិត្យការគ្រប់គ្រងជំងឺហឺតរបស់អ្នក ហើយពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាពផែនការចំណាត់ការប្រឆាំងជំងឺហឺតរបស់អ្នក ដើម្បីធានាថាអ្នកមានថ្នាំព្យាបាលជំងឺហឺតត្រឹមត្រូវ និងពិនិត្យមើលថាអ្នកកំពុងប្រើវាបានត្រឹមត្រូវឬទេ។ សូមចងចាំថា ការប្រើថ្នាំបង្ការជំងឺហឺតតាមការណែនាំគឺមានសារៈសំខាន់ណាស់។ វាជួយការពាររោគសញ្ញានៃជំងឺហឺត រួមទាំងជំងឺហឺតបង្កដោយព្យុះមានផ្គររន្ទះ។
- ប្រសិនបើអ្នកធ្លាប់កើតជំងឺហឺត ចូរពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកអំពីការការពារខ្លួនអ្នកពីហានិភ័យនៃជំងឺហឺតបង្កដោយព្យុះមានផ្គររន្ទះ។
- ប្រសិនបើអ្នកមានការដកដង្ហើមតឹង ដកដង្ហើមខ្លីៗ តឹងទ្រូង ឬក្អកជាប់រហូត ចូរពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នក។ គាត់អាចជួយអ្នកឱ្យដឹងថាតើអ្នកមានជំងឺហឺតឬអត់ និងរបៀបគ្រប់គ្រងរោគសញ្ញាទាំងនោះ។
- ចូរយកថ្នាំបន្ធូរស្ថានភាពរបស់អ្នកជានិច្ច - នេះគឺជាថ្នាំជំនួយដំបូងសម្រាប់ជំងឺហឺតរបស់អ្នក។
សម្រាប់រោគសញ្ញានៃជំងឺហឺតស្រាល សូមទៅជួបគ្រូពេទ្យរបស់អ្នក និយាយជាមួយឱសថការី ឬចូលទៅកាន់ជម្រើសការថែទាំផ្សេងទៀត។ ប្រសិនបើស្ថានភាពរបស់អ្នកមិនបានប្រសើរឡើង ឬកាន់តែធ្ងន់ធ្ងរ សូមទូរសព្ទទៅលេខ 000 ឬទៅមន្ទីរពេទ្យ។
រោគផ្តាសាយតឹងច្រមុះ
- ប្រសិនបើអ្នកមានរោគផ្តាសាយតឹងច្រមុះនិទាឃរដូវ សូមពិគ្រោះជាមួយឱសថការី ឬវេជ្ជបណ្ឌិតរបស់អ្នក។ ពួកគេអាចជួយអ្នកបង្កើតផែនការព្យាបាលរោគផ្តាសាយតឹងច្រមុះ និងណែនាំវិធីការពារខ្លួនអ្នកពីជំងឺហឺតបង្កដោយព្យុះមានផ្គររន្ទះ។ នេះគឺរាប់បញ្ចូលទាំងការដឹងពីកន្លែងដែលអ្នកអាចទទួលបានថ្នាំបន្ធូរជំងឺហឺតបានយ៉ាងឆាប់រហ័ស ក្នុងករណីដែលអ្នកកើតជំងឺហឺតបង្កដោយព្យុះមានផ្គររន្ទះ - ទាំងនេះអាចរកបានពីឱសថស្ថានដោយគ្មានវេជ្ជបញ្ជា។
- ប្រសិនបើអ្នកកើតមានរោគសញ្ញាជំងឺហឺត សូមអនុវត្តតាមជំហានជំនួយដំបូងនៃជំងឺហឺត ហើយត្រូវឱ្យប្រាកដថាអ្នកតាមដានជាមួយវេជ្ជបណ្ឌិតរបស់អ្នក។
- ប្រសិនបើអ្នកធ្លាប់មានរោគសញ្ញាជំងឺហឺតជាមួយនឹងរោគផ្តាសាយតឹងច្រមុះរបស់អ្នក ឬអ្នកមិនប្រាកដ សូមទៅជួបវេជ្ជបណ្ឌិតរបស់អ្នក។ នៅពេលដែលការធ្វើរោគវិនិច្ឆ័យត្រូវបានបញ្ជាក់ អ្នកអាចទទួលបានការព្យាបាលប្រកបដោយប្រសិទ្ធភាព ដែលនឹងធ្វើឱ្យអ្នកមានអារម្មណ៍ និងដកដង្ហើមបានប្រសើរឡើង។
ជំនួយដំបូងសម្រាប់ជំងឺហឺត
វាជាការសំខាន់សម្រាប់មនុស្សគ្រប់រូបនៅក្នុងសហគមន៍ ក្នុងការដឹងពីជំនួយដំបូងសម្រាប់ជំងឺហឺត។ ព័ត៌មានអំពីជំនួយដំបូងសម្រាប់ជំងឺហឺតអាចរកបានពីបណ្តាញ Better Health Channel, និង ។
ហៅទូរសព្ទលេខសូន្យបីដង (000) ភ្លាម ប្រសិនបើ៖
- បុគ្គលនោះមិនដកដង្ហើម
- ជំងឺហឺតរបស់ពួកគេកាន់តែធ្ងន់ធ្ងរភ្លាមៗ ឬមិនប្រសើរឡើង
- បុគ្គលនោះកំពុងមានការវាយប្រហារពីជំងឺហឺត ហើយមិនមានថ្នាំបន្ធូរស្ថានភាពទេ។
- បុគ្គលនោះមិនប្រាកដថាវាជាជំងឺហឺតទេ។
- បុគ្គលនោះត្រូវបានគេដឹងថាធ្លាប់មានប្រតិកម្មទាស់ធ្ងន់ធ្ងរ (anaphylaxis)។ ប្រសិនបើនេះជាករណីដូច្នោះមែន ចូរផ្តល់ថ្នាំ adrenaline autoinjector (ឧបករណ៍ចាក់ថ្នាំអាដ្រេណាលីនស្វ័យប្រវត្តិ) ជាមុនសិនជានិច្ច ហើយបន្ទាប់មកផ្ដល់ថ្នាំបន្ធូរស្ថានភាព ទោះបីមិនមានរោគសញ្ញាស្បែកក៏ដោយ។
ដើម្បីចូលប្រើព័ត៌មាននេះជាភាសាផ្សេងទៀត សូមទាក់ទងសេវាកម្មបកប្រែភាសាសរសេរ និងបកប្រែផ្ទាល់មាត់ (TIS តាមរយៈលេខ 131 450 (ការហៅទូរសព្ទដោយមិនគិតថ្លៃ) ហើយស្នើសុំឱ្យពួកគេហៅទូរសព្ទទៅ Nurse-on-Call។
ប្រសិនបើអ្នកថ្លង់ ពិបាកស្តាប់ ឬមានបញ្ហាការនិយាយ/ការប្រាស្រ័យទាក់ទង សូមទាក់ទងសេវាកម្មជាតិផ្នែកប្រាស្រ័យទាក់ទងសម្រាប់ជនពិការ ហើយស្នើសុំឱ្យពួកគេទូរសព្ទទៅ Nurse-on-Call។
ព័ត៌មានពាក់ព័ន្ធ
- គេហទំព័រជំងឺហឺតបង្កដោយព្យុះមានផ្គររន្ទះ Better Health Channel
- គេហទំព័រ Melbourne Pollen ឬកម្មវិធី app
- Asthma Australia
កន្លែងដែលទទួលបានជំនួយ
- ក្នុងគ្រោះអាសន្ន សូមទូរសព្ទទៅលេខសូន្យបីដង (000) ជានិច្ច
- សេវាថែទាំបន្ទាន់ក្នុងរដ្ឋវិចថូរៀ
Content disclaimer
Content on this website is provided for information purposes only. Information about a therapy, service, product or treatment does not in any way endorse or support such therapy, service, product or treatment and is not intended to replace advice from your doctor or other registered health professional. The information and materials contained on this website are not intended to constitute a comprehensive guide concerning all aspects of the therapy, product or treatment described on the website. All users are urged to always seek advice from a registered health care professional for diagnosis and answers to their medical questions and to ascertain whether the particular therapy, service, product or treatment described on the website is suitable in their circumstances. The State of Victoria and the Department of Health shall not bear any liability for reliance by any user on the materials contained on this website.